ភ្នំពេញ – នៅថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ២០១៥th អង្គការខាណាប្រារព្ធពិធីអបអរសមិទ្ធផលនៃការឆ្លើយតប ចំពោះ មេរោគអេដស៍ និង ជំងឺអេដស៍នៅកម្ពុជា ដោយមានការចូលរួមជាគណអធិបតីដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកស្រី Rebecca Black នាយិកាបេសកកម្មរបស់ទីភ្នាក់ងារសហរដ្ឋ អាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) និង លោកស្រី Marie-Odile Emond ប្រធានក្រុមប្រឹក្សាភិបាលរបស់ អង្គការខាណា និងគណប្រតិភូជាច្រើននាក់ផ្សេងទៀតតំណាងស្ថាប័ន និងកម្មវិធីជាតិ អង្គការដៃគូ សហគមន៍ និង ស្ថាប័នពាក់ព័ន្ធទាំងនៅកម្រិតជាតិ និងអន្តរជាតិ ប្រមាណជិត ៣០០នាក់។ ពិធីនេះក៏បានធ្វើឡើងស្របពេលជាមួយនឹងការអបអរនៃការគម្រប់ខួប ១៥ ឆ្នាំth របស់អង្គការខាណាក្នុងការរួមចំណែកឆ្លើយតបដល់ការរីករាលដាលរបស់មេរោគអេដស៍នៅកម្ពុជាផងដែរ។
ព្រឹត្តិការណ៍អបអរនេះផ្តោតលើសមិទ្ធផលធំៗដែលប្រទេសកម្ពុជាសម្រេចបានក្នុងការងារ អប់រំបង្ការ ការថែទាំ និង ការព្យាបាលមេរោគអេដស៍ និងជំងឺអេដស៍ ដែលមានជាអាទិ៍ ការថយចុះនូវអត្រាប្រេវ៉ាឡង់មេរោគអេដស៍ពី ២% នៅឆ្នាំ ១៩៩៨ មកត្រឹម ០.៦% នៅឆ្នាំ ២០១៥។ ជោគជ័យមួយចំនួននៅដើមទសវត្សរ៍ឆ្នាំ ២០០០ ដូចជាកម្មវិធីថែទាំ អ្នករស់នៅជាមួយមេរោគអេដស៍តាមផ្ទះ ការព្យាបាលដោយថ្នាំប្រឆាំងនឹងមេរោគអេដស៍ និងកម្មវិធីប្រើស្រោម អនាម័យ ១០០% បានត្រួសត្រាយផ្លូវសម្រាប់គំនិតផ្តួចផ្តើមថ្មីៗ ក្នុងការដោះស្រាយបញ្ហានៃការរីករាលដាលជំងឺ អេដស៍។ ក្នុងពេលជាមួយគ្នានេះដែរ អង្គការខាណាក៏បានទទួលជោគជ័យក្នុងការអនុវត្តសមាហរណកម្មកម្មវិធី អេដស៍របស់ខ្លួន។ បន្ថែមលើនេះទៀត អង្គការខាណាបានផ្តោតជាសំខាន់លើកម្មវិធីសម្រាប់ក្រុមប្រឈមមុខខ្ពស់ (មានដូចជាក្រុមស្រ្តីបម្រើការងារនៅតាមគ្រឹះស្ថានកម្សាន្តសប្បាយ ក្រុមបុរសស្រលាញ់បុរស ក្រុមប្លែងភេទ និងក្រុមអ្នកប្រើនិងចាក់គ្រឿងញៀន) ព្រមទាំងរួមបញ្ចូលកម្មវិធីសុខភាពមាតា និងទារក និងការគាំទ្រសេដ្ឋកិច្ចគ្រួសារ ទៅក្នុងកញ្ចប់សកម្មភាព និងបទអន្តរាគមន៍របស់ខ្លួនផងដែរ។
នៅក្នុងអំឡុងពេល ១០ ឆ្នាំចុងក្រោយនេះ អង្គការខាណានៅតែបន្តផ្តោតការងារជាសំខាន់ទៅលើការផ្តល់សេវា សុខភាពតាមសហគមន៍ ការបញ្ជ្រាបបញ្ហាយេនឌ័រ ការទទួលបានការព្យាបាលមេរោគអេដស៍ជាសកល ការតស៊ូមតិ លើសិទ្ធិរបស់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា ការគាំទ្រសេដ្ឋកិច្ចគ្រួសារ និងកម្មវិធីចំបងមួយចំនួនទៀត។ សកម្មភាព ទាំងនេះបាននាំមកនូវលទ្ធផលជាផ្លែផ្កាជាច្រើន ដូចជា ការកើនឡើងនៃការស្វែងរក និងទទួលសេវាសុខភាព ជាពិសេសក្នុងចំណោមក្រុមប្រឈមមុខខ្ពស់ ការថយចុះនៃភាពរើសអើង និងមាក់ងាយ និងការទទួលយកការ ព្យាបាលមានអត្រាខ្ពស់គួរអោយកត់សម្គាល់។ មកដល់ពេលនេះ អង្គការខាណាបានធ្វើការជាមួយអង្គការដៃគូ អនុវត្តន៍ចំនួន ៣៩ អង្គការ នៅតាម ខេត្ត រាជធានី ចំនួន ២២ ដើម្បីផ្តល់សេវាសុខភាពប្រកបដោយគុណភាពខ្ពស់។ ៧០% នៃក្រុមប្រឈមមុខខ្ពស់ និង លើស ៥០% នៃអ្នករស់នៅជាមួយមេរោគអេដស៍ នៃចំនួនប៉ាន់ស្មានសរុបនៅ ថ្នាក់ជាតិ ទទួលបានសេវា ថែទាំ គាំទ្រ និងការអប់រំបង្ការមេរោគអេដស៍ និងជំងឺអេដស៍ ពីអង្គការខាណា និង អង្គការដៃគូ។ បន្ថែមពីលើនោះ អង្គការខាណាក៏បានផ្តល់ជំនួយបច្ចេកទេសដល់អង្គការនានា ទាំងនៅប្រទេសកម្ពុជា និង ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងតំបន់ប៉ាស៊ីហ្វិកផងដែរ តាមរយៈការពង្រឹង និងការធ្វើឲ្យប្រសើរឡើងនូវសមត្ថភាពគ្រប់គ្រងស្ថាប័ន និងការអនុវត្តន៍គម្រោងរបស់គេ។
“ដោយសារតែភាពវិវត្តន៍នៃមេរោគអេដស៍ យើងមិនអាចបន្តធ្វើការតាមរបៀប និងវិធីដដែលៗនោះទេ ពោលគឺការ វិវត្តន៍នេះ វាទាមទារឲ្យយើងមានភាពបត់បែនខ្ពស់ស្របទៅតាមកាលៈទេសៈនៃការផ្លាស់ប្តូរ ហើយអង្គការខាណា នឹងនៅតែជាអង្គការពាក់ព័ន្ធទៅថ្ងៃអនាគត” នេះបើតាមប្រសាសន៍របស់លោក ជួប សុខចំរើន ប្រធានគម្រោង ផ្លេកស៊ីបក្រោមការគាំទ្ររបស់ USAID ។ លោកបានបន្តទៀតថា “អង្គការខាណានឹងនៅតែជាអង្គការនាំមុខមួយនៅ ប្រទេសកម្ពុជា ហើយយើងនឹងនៅតែបន្តប្រើបទពិសោធន៍ និងជំនាញការងារមេរោគអេដស៍ដែលខ្លួនមាន ដើម្បីបន្តរួមចំណែកពង្រីកវិសាលភាពកម្មវិធី និងមុខងាររបស់ខ្លួននៅក្នុងវិស័យពាក់ព័ន្ធផ្សេងទៀតដូចជា ការប្រយុទ្ធនឹង ជំងឺមិនឆ្លង ការគាំទ្រ និងលើកកម្ពស់ការអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ និងការគាំទ្រ ដល់ការទទួលបានការគាំពារសង្គម ដល់ក្រុមជនងាយរងគ្រោះ និងក្រុមប្រឈមមុខខ្ពស់នៃការឆ្លងមេរោគអេដស៍” ។ ជាមួយនឹងបរិយាកាសគោល នយោបាយគាំទ្ររបស់រាជរដ្ឋាភិបាល និងភាពប្រកាន់ខ្ជាប់នូវគោលការណ៍ “ចំណាយទាប តែលទ្ធផលខ្ពស់” និង “នាំមុខ រួមចំណែក និងសម្របខ្លួន” របស់អង្គការខាណា ប្រទេសកម្ពុជារំពឹងថានឹងសម្រេចគោលដៅមិនមានការឆ្លងមេរោគអេដស៍ថ្មីត្រឹមឆ្នាំ ២០២០ និងក្លាយទៅជាប្រទេសកំពុងអភិវឌ្ឍទីមួយលើសកលលោកសម្រាប់ជំនាន់ មនុស្សដែលគ្មានជំងឺអេដស៍ត្រឹមឆ្នាំ ២០៣០។
ក្រៅពីការអបអរដល់សមិទ្ធផលនានាដែលធ្វើឲ្យប្រទេសកម្ពុជាក្លាយជាប្រទេសគំរូមួយ ក្នុងយុទ្ធនាការប្រយុទ្ធនឹង មេរោគអេដស៍ និងជំងឺអេដស៍ កម្មវិធីនាថ្ងៃទី ១៩ នេះth ក៏បានផ្តល់នូវពានរង្វាន់ និង លិខិតសរសើរដល់ស្ថាប័នដៃគូ និង បុគ្គលសំខាន់ៗមួយចំនួនទៀត សរុបជាង ៤០ ដែលស្ថាប័ន និងអ្នកទាំងនោះបានគាំទ្រ និង រួមចំណែកយ៉ាង ធំធេង ដើម្បីសំរេចបាននូវភាពជោគជ័យ ក្នុងការឆ្លើយតបចំពោះមេរោគអេដស៍ដល់អង្គការខាណា និងប្រទេស កម្ពុជាទាំងមូល។